តាកែវ៖ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានសម្តែងនូវមោទកភាពយ៉ាងខ្លាំង ចំពោះការសិក្សារបស់កូនខ្មែរ ពីមួយជំនាន់ ទៅមួយជំនាន់ កាន់តែមានភាពវៃឆ្លាត និងរៀនពូកែឡើងៗ។
ការលើកឡើងរបស់ ឯកឧត្តម វ៉ី សំណាង ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកសិក្ខាសាលាស្តីពី «ការពង្រឹងប្រតិបត្តិការសម្រាប់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍» រៀបចំឡើងដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ នៅសាលប្រជុំធំរដ្ឋបាលខេត្តតាកែវ ដោយមានការចូលរួមពីមន្ត្រីអប់រំ លោកគ្រូ-អ្នកគ្រូ មេឃុំ-ចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធ។
ឯកឧត្តម វ៉ី សំណាង បានលើកឡើងបន្ថែមថា បច្ចុប្បន្ននេះ ប្រទេសជាតិមានការរីកចម្រើនយ៉ាងខ្លាំង ដែលធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ។ កត្តានេះបានជួយឱ្យការចិញ្ចឹមបីបាច់ថែរក្សាកូនចៅ មានរបបអាហារូបត្ថម្ភគ្រប់គ្រាន់ នាំឱ្យកុមារ និងយុវជនលូតលាស់ទាំងផ្នែករាង កាយ និងប្រាជ្ញាស្មារតី។ ជាពិសេស យុវជនខ្មែរទទួលបានការអប់រំយ៉ាងទូលំទូលាយ ដែលធ្វើឱ្យពួកគេមានសមត្ថភាពខ្លាំងក្លា និងទាន់សម័យកាល។
ឯកឧត្តមអភិបាលខេត្ត បានគូសរំលេចជាឧទាហរណ៍ជាក់ស្តែងថា កន្លងមកនេះ កូនខ្មែរបានបង្កើតប្រព័ន្ធទូទាត់ប្រាក់ «Bakong App (បាគង)» ដែលជាប្រព័ន្ធទូទាត់ប្រាក់ឌីជីថលបែបទំនើប និងឈានមុខគេមួយរបស់កម្ពុជា។ ប្រព័ន្ធ «បាគង» នេះមិនត្រឹមតែចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យហិរញ្ញវត្ថុជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានលើកកម្ពស់មុខមាត់កម្ពុជាលើឆាកអន្តរជាតិទៀតផង ដោយមានបណ្តាប្រទេសមួយចំនួនបានបង្ហាញបំណង ចង់ទិញប្រព័ន្ធនេះយកទៅប្រើប្រាស់ក្នុងប្រទេសរបស់ពួកគេផងដែរ។
ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា សមត្ថភាពរបស់កូនខ្មែរនាពេលបច្ចុប្បន្ន គឺមិនចាញ់សមត្ថភាពរបស់កូនបរទេសនោះទេ ជាពិសេសគឺមិនចាញ់សមត្ថភាពរបស់ប្រទេស ជិតខាងឡើយ ៕















No comments:
Post a Comment