យោងតាមការបង្ហោះផ្សាយរបស់ក្រសួងការបរទេសបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ិន តារា អនុរដ្ឋលេខាធិការនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យលោក Thomas Andrews អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅដល់លោក Thomas Andrews ចំពោះការតែងតាំងរបស់លោកដោយក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិជាអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជានិងស្វាគមន៍ចំពោះទស្សនកិច្ចផ្លូវការលើកទី១របស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី២០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។ ឯកឧត្តមបានបញ្ជាក់ពីទំនុកចិត្តថា ដំណើរទស្សនកិច្ចនេះនឹងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយូរអង្វែងនិងកិច្ចសន្ទនាប្រកបដោយស្មារតីស្ថាបនារវាងកម្ពុជានិងអាណត្តិរបស់អ្នករាយការណ៍ពិសេស។
ឯកឧត្តម បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារនិងលើកកម្ពស់សិទ្ធិមនុស្ស តាមរយៈការផ្តល់សច្ចាប័នចំពោះសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួន៨ ក្នុងចំណោម៩និងបន្តប្រកាន់ខ្ជាប់នូវកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន។ ឯកឧត្តម បានសង្កត់ធ្ងន់បន្ថែមទៀតថាកម្ពុជានៅតែជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូចប៉ុណ្ណោះដែលទទួលយកទាំងអាណត្តិអ្នករាយការណ៍ពិសេសប្រចាំប្រទេសនិងវត្តមានរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ចាប់តាំងពីឆ្នាំ១៩៩៣ មក ដែលវត្តមានការិយាល័យ OHCHR មានវ័យចំណាស់ជាងគេនៅលើពិភពលោកនេះឆ្លុះ បញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ព្រះរាជាណាចក្រកម្ពុជាចំពោះភាពបើកចំហ កិច្ចសន្ទនាបែបស្ថាបនានិងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេសជាមួយយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូដ៏យូរអង្វែងប្រកបដោយលក្ខណៈស្ថាបនានិងការគោរពគ្នាទៅវិញទៅមករវាងកម្ពុជានិងអាណត្តិរបស់អ្នករាយការណ៍ពិសេសក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះព្រមទាំងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការរក្សានូវកិច្ចសន្ទនាបើកចំហ ពង្រឹងកិច្ចសហប្រតិបត្តិការនិងជំរុញការលើកកម្ពស់និងការការពារសិទ្ធិមនុស្ស។
ឯកឧត្តម ក៏បានជម្រាបជូនអ្នករាយការណ៍ពិសេសអំពីស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ រួមទាំងបញ្ហាប្រឈមផ្នែកមនុស្សធម៌ដែលប្រជាពលរដ្ឋកម្ពុជាត្រូវបានផ្លាស់ទីលំនៅនិងជួបឧបសគ្គរារាំងមិនអាចត្រឡប់ទៅលំនៅស្ថានវិញបានដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរ។ ឯកឧត្តមបានស្វាគមន៍ចំពោះគម្រោងធ្វើទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេសទៅកាន់តំបន់ព្រំដែនដែលរងផលប៉ះពាល់និងជំរំភៀសសឹកដើម្បីស្វែង យល់ដោយផ្ទាល់អំពីស្ថានភាពមនុស្សធម៌នៅទីនោះ។
លោក Andrews បានកោតសរសើរយ៉ាងខ្លាំងចំពោះវឌ្ឍនភាពនិងការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច-សង្គមដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជាហើយបានថ្លែងអំណរគុណដល់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិចំពោះការគាំទ្រនិងការជួយសម្របសម្រួលដ៏ល្អប្រសើរក្នុងការរៀបចំជំនួបរបស់លោកជាមួយថ្នាក់ដឹកនាំនិងក្រសួងស្ថាប័នពាក់ព័ន្ធនានា។






No comments:
Post a Comment