www.k-nkcnews.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Thursday, January 29, 2026

ក្រសួងការងារ និងសាលាអន្តរជាតិជប៉ុន CIESF ពិភាក្សាលើការអនុវត្តច្បាប់ការងារ និងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជ



(ភ្នំពេញ)៖ លោក ហួត ស៊ីនាដ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក សាសាហារ៉ា កេនជិ (SASAHARA Kenji) នាយកសាលាអន្តរជាតិជប៉ុន CIESF Leaders Academy (CLA) និងសហការី ដើម្បីពង្រឹងកិច្ចសហការលើផ្នែកបណ្តុះបណ្តាល និងការអនុវត្តបទប្បញ្ញត្តិការងារ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នាទីស្ដីការក្រសួង។

ក្នុងជំនួបនោះ ភាគីទាំងពីរ បានជជែកយ៉ាងលម្អិតអំពីការរៀបចំទិដ្ឋាការសម្រាប់បុគ្គលិកអប់រំជនជាតិជប៉ុន និងនីតិវិធីនៃការស្នើសុំប្រើប្រាស់កម្លាំងពលកម្មបរទេសឱ្យស្របតាមច្បាប់នៅកម្ពុជា។

ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានថ្លែងបញ្ជាក់ថា ក្រសួងត្រៀមខ្លួនជានិច្ចក្នុងការសម្របសម្រួលបែបបទរដ្ឋបាលនានាដល់សាលា ប៉ុន្តែក្នុងនោះសាលាត្រូវធានាឱ្យបាននូវការអនុវត្តច្បាប់ស្តីពីការងារ និងរបបសន្តិសុខសង្គមឱ្យបានពេញលេញ ជាពិសេស ក្រសួងបានលើកទឹកចិត្តឱ្យសាលាផ្តល់អាទិភាពខ្ពស់ដល់ការជ្រើសរើសបុគ្គលិកជំនាញជានិយោជិតខ្មែរ មុននឹងសម្រេចចិត្តជ្រើសរើសបុគ្គលិកបរទេស។

ជាការឆ្លើយតប លោក សាសាហារ៉ា កេនជិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាពេលកន្លងមក។ លោកប្តេជ្ញាចិត្តថានឹងបន្តពង្រឹងគុណភាពអប់រំតាមស្តង់ដាជប៉ុន ដើម្បីបណ្តុះបណ្តាលសិស្សានុសិស្ស ក៏ដូចជាយុវជនខ្មែរឱ្យមានចំណេះដឹង និងសមត្ថភាពខ្ពស់ សម្រាប់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។

សូមបញ្ជាក់ថា សាលាអន្តរជាតិជប៉ុន CIESF Leaders Academy (CLA) បានចាប់ផ្ដើមបេសកកម្មអប់រំរបស់ខ្លួននៅកម្ពុជាតាំងពីឆ្នាំ២០១៦ ក្នុងនាមជាសាលាអង្គការ (NGO)។ ដោយមើលឃើញពីតម្រូវការអប់រំតាមស្តង់ដាអន្តរជាតិ នៅចុងឆ្នាំ២០២៥ សាលាបានវិវត្តខ្លួនទៅជាសាលាអន្តរជាតិពេញលក្ខណៈ ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងអប់រំ យុវជន និងកីឡា និងស្ថានទូតជប៉ុនដើម្បីរួមចំណែកបណ្ដុះបណ្ដាលយុវជនឱ្យមានសមត្ថភាព និងការយល់ដឹងពីពហុវប្បធម៌សម្រាប់ជួយអភិវឌ្ឍសង្គមទៅថ្ងៃអនាគត៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages