(សៀមរាប)៖ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ រដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តសៀមរាបក្រោមអធិបតីភាពលោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងការចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សា គណៈអភិបាល នាយករដ្ឋបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ អង្គការ សមាគមសរុបចំនួន ៧៦៣រូប។
លោក លី សំរិទ្ធ ឆ្នាំ២០២៥ គឺជាការអនុវត្តបន្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតសំខាន់លើបាវចនាប្រាំដើម្បី កំណើនការងារ សមធម៌ ប្រសិទ្ធភាព ចីរភាព និងអាទិភាពគន្លឹះទាំង៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជារបៀបវារៈគោលនយោបាយសង្គម សេដ្ឋកិច្ច។ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងលោក លោកស្រី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព ជុំវិញខេត្ដ គណៈអភិបាលក្រុង ស្រុក ព្រមទាំងមន្ដ្រីរាជការទាំងអស់របស់រដ្ឋបាលខេត្ត ត្រូវអនុវត្ដឱ្យបានហ្មត់ចត់ នូវកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងកម្មវិធីជាតិរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍន៍មូលដ្ឋានឱ្យសម្រេចបានលទ្ធផលល្អប្រសើរ។
លោកបានបន្តថាការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នាពេលនេះ គឺជាយន្តការ ការងារសម្រាប់យើងធ្វើការរួមគ្នា ដើម្បីត្រួតពិនិត្យ វាយតម្លៃអំពីលទ្ធផលការងារដែលសម្រេចបាន និងដឹងអំពីបញ្ហាប្រឈមដែលនៅសេសសល់ សំដៅរួមគ្នាលើកបទពិសោធន៍ការងារកំណត់ជាទិសដៅអនុវត្តក្នុងឆ្នាំ២០២៦ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ ក្នុងឆ្នាំ២០២៦នេះ យើងត្រូវរៀបចំផែនការព្រឹត្តិការណ៍នានា និងសកម្មភាពអនុវត្តប្រកបដោយប្រសិទ្ធភាព តម្លាភាព និងឆ្លើយតបតាមតម្រូវការចាំបាច់ ដើម្បីជំរុញវិស័យអបរំ ទេសចរណ៍ កសិកម្ម សេវាកម្ម និងសង្គមកិច្ច ជាពិសេសជំរុញការយកចិត្តទុកដាក់ខ្ពស់លើកិច្ចប្រតិបត្តិការ របស់តួអង្គពាក់ព័ន្ធក្នុងកិច្ចគាំទ្រ សម្របសម្រួលលើការងារសេវាសង្គម នៅក្នុងខេត្តសៀមរាបទាំងមូល ឱ្យមានសន្ទុះឡើង និងស័ក្ដិសិទ្ធភាព ថែមទៀតផង។
លោក បានបញ្ជាក់បន្ថែមថា ប្រទេសកម្ពុជាបានទទួលរងផលប៉ះពាល់ ពីការឈ្លានពានពីប្រទេសថៃ នៅតាមបន្ទាត់ព្រំដែន ចំនួន ២លើក បណ្តាលឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច-សង្គម ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ សំណង់ និងប្រជាជនស៊ីវិលបានបាត់បង់ជីវិត និងរងរបួស។ ទន្ទឹមគ្នានេះ រដ្ឋបាលខេត្តសៀមរាប ក៏បានរៀបចំទទួលជនភៀសសឹក លើកទី១ រយៈពេល ៥ថ្ងៃ មានជនភៀសសឹក ប្រមាណ ២ម៉ឺនគ្រួសារ មនុស្សជាង៦ម៉ឺននាក់ និងលើកទី២ មានរយៈពេល ២១ថ្ងៃ មាន ជនភៀសសឹក ប្រមាណ ៥ម៉ឺនគ្រួសារ មនុស្សជាង ១៥ម៉ឺននាក់។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ប្រមុខរាជរដ្ឋាភិបាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងការចូលរួមពីក្រុមការងាររាជរដ្ឋាភិបាល ព្រះសង្ឃ អង្គការមិនមែនរដ្ឋាភិបាល សប្បុរសជន រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាព ដែលបានចូលរួមឧបត្ថម្ភគាំទ្រ ស្បៀងអាហារ សម្ភារប្រើប្រាស់ ជម្រកស្នាក់នៅ ការសិក្សា បណ្តុះបណ្តាលវិជ្ជាជីវៈ និងការដាំដុះបន្លែសម្រាប់ផ្គត់ផ្គង់តម្រូវការជនភៀសសឹក ជាពិសេសការ ផ្តល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះក្រុមងាយរងគ្រោះ រួមមាន ស្ត្រីមានផ្ទៃពោះ ស្ត្រីទើបសម្រាលកូន កុមារជនមាន ពិការភាព និងចាស់ជរាជាដើម។ ក្រៅពីការរៀបចំ និងផ្តល់ថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាល ខេត្តក៏បានរៀបចំ និងចូលរួមពិធីបុណ្យសពរបស់វីវយុទ្ធជន ដែលបានពលីនៅសមរភូមិ រួមទាំងជនភៀសសឹកដែលបានទទួលមរណភាព និងការផ្តល់ស្បៀងមួយចំនួនដល់គ្រួសារកងទ័ពដែលរស់នៅក្នុងមូលដ្ឋានខេត្តសៀមរាប៕















No comments:
Post a Comment