នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ និងសមាជិក សមាគមអ្នកសារព័ត៌មានវឌ្ឍនភាពសង្គម បានចុះសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ១៥គ្រួសារ នៅភូមិមេលំ ឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមចែករំលែកក្តីស្រឡាញ់ ក្តីអាណិតអាសូរ និងជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋក្នុងជីវភាពប្រចាំថ្ងៃ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព :
•ឯកឧត្តម ឃុយ ពិសិដ្ឋ ប្រធានកិត្តិយសសមាគមអ្នកសារព័ត៌មានវឌ្ឍនភាពសង្គម
• ឯកឧត្តម សុខ ប៊ុនសំណាង ប្រធានក្រុមប្រឹក្សាសមាគមអ្នកសារព័ត៌មានវឌ្ឍនភាពសង្គម
• ឯកឧត្តម ឡាយ សុខលីម អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកសារព័ត៌មានវឌ្ឍនភាពសង្គម
• លោក ឈុន ស៊ីនួន ប្រធានសមាគមអ្នកសារព័ត៌មានវឌ្ឍនភាពសង្គម
ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំសមាគមអ្នកសារព័ត៌មានវឌ្ឍនភាពសង្គម លោក ព្រុំ ភារុណ ប្រធានអង្គការអភិរក្សព្រៃឈើ និងអភិវឌ្ឍន៍ធនធានធម្មជាតិ និងលោកមេឃុំមេលំ ។
ក្នុងឱកាសនោះ ថ្នាក់ដឹកនាំសមាគមបានជួបសំណេះសំណាល សួរសុខទុក្ខ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ព្រមទាំងបានប្រគល់អំណោយជូនដល់គ្រួសារទាំង ១៥គ្រួសារ ដើម្បីជួយសម្រាលបន្ទុក និងជាការចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌នៅមូលដ្ឋាន។
សកម្មភាពនេះបានបង្ហាញពីការយកចិត្តទុកដាក់របស់សមាគមអ្នកសារព័ត៌មានវឌ្ឍនភាពសង្គម ចំពោះសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការលើកកម្ពស់ស្មារតីសាមគ្គីភាព ការចែករំលែក និងការជួយគ្នាទៅវិញទៅមកក្នុងសង្គម។
តាមរយៈសកម្មភាពមនុស្សធម៌នេះ សមាគមអ្នកសារព័ត៌មានវឌ្ឍនភាពសង្គម បានបន្តបង្ហាញពីការចូលរួមក្នុងការងារសង្គម និងការរួមចំណែកជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសគ្រួសារដែលកំពុងជួបប្រទះការលំបាកក្នុងជីវភាព។

















No comments:
Post a Comment