www.k-nkcnews.com.kh / ចាង​ ហ្វាង ការផ្សាយ ៖ លោក​ សុខ ប៊ុនសំណាង / ទីស្នាក់ការ កណ្តាល ៖ ផ្ទះ២២៣៤ ផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ភ្នំពេញ / ទំនាក់ទំនង Tele: 010 511 765 ....

Breaking

Sunday, September 13, 2026

រដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់កងកម្លាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៃតំបន់ប្រតិបត្តិការសឹករងព្រះវិហារ


រដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់កងកម្លាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៃតំបន់ប្រតិបត្តិការសឹករងព្រះវិហារ 


ព្រះវិហារ៖ នាព្រឹកថ្ងៃអាទិត្យ ២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាននៃតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ចំណុះឱ្យយោធភូមិភាគទី៤ ដែលកំពុងឈរជើងការពារទឹកដីតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទិសខេត្តព្រះវិហារ។ 


សូមជម្រាបថា អំណោយដែលប្រគល់ជូននាឱកាសនោះ រួមមាន៖ អង្ករ មីសួរ អំបិល ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកម្ទេស ទឹកបរិសុទ្ធ ឆៃប៉ូវ ត្រីងៀត ថ្នាំបាញ់មូស ធូបមូស កាហ្វេ និងកៅស៊ូតង់ ព្រមទាំងថវិកាមួយចំនួនទៀត ដែលជាការឆ្លើយតបចំពោះតម្រូវការក្នុងជីវភាពរស់នៅរបស់កងទ័ពនៅសមរភូមិមុខ។


ក្នុងកិច្ចសំណេះសំណាល ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្ដីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ និងបានថ្លែងនូវការកោតសរសើរ ព្រមទាំងសម្តែងនូវកតញ្ញូតាធម៌ដឹងគុណដ៏ជ្រាលជ្រៅ ចំពោះគំរូវីរភាព ទឹកចិត្តស្នេហាជាតិ និងស្មារតីលះបង់របស់កងទ័ពប្រកបដោយឆន្ទៈមោះមុតបំផុត ក្នុងកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា ការពារជាតិមាតុភូមិ និងប្រជាជន។


ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា ការចុះសួរសុខទុក្ខកងទ័ពនាពេលនេះគឺមិនត្រឹមតែនាំយកនូវជំនួយឧបត្ថម្ភជូនដល់កងទ័ពជួរមុខប៉ុណ្ណោះទេ តែបានបង្ហាញពីសាមគ្គីភាពឥតងាករេ ឯកភាពជាតិខ្មែរជាធ្លុងមួយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងជាសក្ខីភាពបញ្ជាក់ជូនកងទ័ពនៅសមរភូមិមុខថា នៅសមរភូមិក្រោយ មានថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការ និងប្រជាជនកម្ពុជា ចាំជួយលើកទឹកចិត្ត និងជួយគាំទ្រគ្រប់បែបយ៉ាងជូនដល់កងកម្លាំងនៅជួរមុខជានិច្ច ៕
































No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages