www.k-nkcnews.com.kh / ចាង​ ហ្វាង ការផ្សាយ ៖ លោក​ សុខ ប៊ុនសំណាង / ទីស្នាក់ការ កណ្តាល ៖ ផ្ទះ២២៣៤ ផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ភ្នំពេញ / ទំនាក់ទំនង Tele: 010 511 765 ....

Breaking

Tuesday, August 11, 2026

ឯកឧត្តមបណ្ឌិត កៅ ថាច បង្ហាញគម្រោងអភិវឌ្ឍន៍កសិកម្មដល់ប្រជាពលរដ្ឋជាជនភៀសសឹកដែលនៅថ្ងៃខាងមុខនឹងជួយបង្កើតការងារ និងប្រភពចំណូលប្រចាំថ្ងៃ



(ខេត្តព្រះវិហារ)៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោបង្ហាញគម្រោងអភិវឌ្ឍន៍កសិកម្មដ៏សំខាន់មួយស្ថិតនៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដល់ប្រជាពលរដ្ឋជាជនភៀសសឹកដែលនាពេលខាងមុខនេះនឹងជួយបង្កើតការងារ និងប្រភពចំណូលប្រចាំថ្ងៃ។


ការធ្វើបទបង្ហាញរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច ធ្វើឡើង ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករ និងប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុក គឹមសាន អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម គឹម បញ្ញា អភិបាលរងព្រះវិហារ លោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត និង លោក ម៉ននី ជីវិត អភិបាលរងស្រុកជាំក្សាន្ត ក្រុមការងារសមាគមបណ្តាញកសិករតេជោ មន្ទីរកសិកម្មខេត្ត ក្រុមការងារប្រចាំភូមិតាកឹងបៃតង និងប្រជាពលរដ្ឋភូមិតាកឹងបៃតង សរុបប្រមាណ ២០០នាក់។


ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានជម្រាបជូនកសិករថា គោលបំណងសំខាន់នៃការចុះជួបប្រជាពលរដ្ឋនាពេលនេះ គឺដើម្បីណែនាំឱ្យស្គាល់អំពីសមាគមបណ្តាញកសិករតេជោ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសំខាន់ជាងនេះចង់បង្ហាញជូនដល់ប្រជាពលរដ្ឋអំពីគម្រោងអភិវឌ្ឍន៍កសិកម្ម ដែលអាចជួយបង្កើតការងារ និងជាប្រភពចំណូលសម្រាប់ប្រជាពលរដ្ឋផងដែរ។
លើសពីនេះឯកឧត្តមបណ្ឌិត កៅ ថាច បានចាត់ទុកថា ការរៀបចំតំបន់នេះមិនគួរផ្តោតត្រឹមតែការផ្តល់ជំនួយ ឬចែកអំណោយជូនប្រជាពលរដ្ឋនោះទេ ប៉ុន្តែត្រូវបង្កើតឱ្យមានមុខរបរ និងការងារធ្វើជាក់ស្តែង ដើម្បីឱ្យប្រជាពលរដ្ឋអាចរកបានប្រាក់ចំណូល និងកសាងជីវភាពរបស់ខ្លួនបានយូរអង្វែង។


តាមផែនការគម្រោងអភិវឌ្ឍន៍តំបន់កសិកម្មនៅភូមិតាកឹងបៃតងអាចត្រូវការទុនវិនិយោគប្រមាណ ២០លានដុល្លារអាម៉េរិក ដោយផ្តោតលើការដាំដុះ ការកែច្នៃផលិតផលកសិកម្ម ការចិញ្ចឹមសត្វ និងសកម្មភាពអាជីវកម្មកសិកម្មផ្សេងៗ។ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះ អាចចូលរួមក្នុងសកម្មភាពផលិតកម្ម និងអាជីវកម្មអាចមានលទ្ធភាពក្លាយជាម្ចាស់ភាគហ៊ុននៅក្នុងអាជីវកម្មដែលត្រូវបានបង្កើតឡើងនៅទីនេះ។


សម្រាប់ ឯកឧត្តមបណ្ឌិតប្រតិភូបានសម្តែងនូវសុទិដ្ឋិនិយមថា តំបន់តាកឹងបៃតងអាចអភិវឌ្ឍទៅជាមជ្ឈមណ្ឌលផលិតស្បៀងដ៏សំខាន់មួយ ដែលមានសមត្ថភាពផ្គត់ផ្គង់ផលិតផលកសិកម្មដល់ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តស្ទឹងត្រែង ជាពិសេស ដល់កងកម្លាំងដែលឈរជើងនៅតំបន់ជួរមុខ ដោយកាត់បន្ថយការពឹងផ្អែកលើការដឹកជញ្ជូនស្បៀងពីរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗទៀត។


ជាចុងក្រោយតំណាងក្រុមការងារសមាគមបណ្តាញកសិករតេជោបានធ្វើបទបង្ហាញលម្អិតអំពីផែនការអភិវឌ្ឍតំបន់កសិកម្មនៅភូមិតាកឹងបៃតង ដោយផ្តោតលើការបង្កើតចង្កោមអាជីវកម្មកសិកម្ម និងការភ្ជាប់ផលិតកម្មទៅកាន់ទីផ្សារ ដោយកំពុងរៀបចំ រួមមាន វារីវប្បកម្ម ការចិញ្ចឹមគោសាច់ ការផលិតចំណីសត្វ និងស្មៅ ការចិញ្ចឹមមាន់យកស៊ុត និងសាច់ ការចិញ្ចឹមទាយកស៊ុត និងសាច់ ការដាំបន្លែក្នុងផ្ទះសំណាញ់ ព្រមទាំងការបង្កើតកន្លែងប្រមូលផ្តុំ និងចែកចាយបន្លែ។


























No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages