www.k-nkcnews.com.kh / ចាង​ ហ្វាង ការផ្សាយ ៖ លោក​ សុខ ប៊ុនសំណាង / ទីស្នាក់ការ កណ្តាល ៖ ផ្ទះ២២៣៤ ផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ភ្នំពេញ / ទំនាក់ទំនង Tele: 010 511 765 ....

Breaking

Wednesday, July 29, 2026

កម្ពុជាបញ្ជាក់ពីឆន្ទៈខ្ពស់ និងគោលការណ៍មនុស្សធម៌ ក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងជំនួបជាមួយតំណាង UN


ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ លោក Thomas Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
‎
‎ក្នុងជំនួបនេះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានជម្រាបជូនពីសាវតា ពាក់ព័ន្ធប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបានគូសបញ្ជាក់ថា បញ្ហានេះជាវិបត្តិសកលដែលរីករាលទូទាំងសកលលោក។ រាជរដ្ឋាភិបាលកម្ពុជាមានឆន្ទៈខ្ពស់ក្នុងការដោះស្រាយ បង្ក្រាប និងបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយទន្ទឹមនឹងប្រតិបត្តិការបោសសម្អាត កម្ពុជាក៏ផ្តល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះការការពារសុវត្ថិភាព និងសុខុមាលភាពរបស់ពលរដ្ឋកម្ពុជា និងបរទេស។ 

ឯកឧត្តមបានសង្កត់ធ្ងន់ថា ការអនុវត្តនីតិវិធី ពិតជាមានសារៈសំខាន់ក្នុងការធានាជោគជ័យដល់ប្រតិបត្តិការបង្ក្រាប ក៏ប៉ុន្តែកិច្ចការនេះត្រូវដើរទន្ទឹមគ្នានឹងការពិចារណាផ្នែកមនុស្សធម៌ ក្នុងគោលដៅធ្វើយ៉ាងណាបង្ការកុំឱ្យពលរដ្ឋទទួលរងផលប៉ះពាល់ទាំងផ្លូវកាយ និងផ្លូវចិត្ត។ ក្នុងន័យនេះ កម្ពុជាប្រកាន់ខ្ជាប់គោលការណ៍មនុស្សធម៌ ដោយបានផ្តល់ការគាំទ្រនិងជំនួយមនុស្សធម៌ចាំបាច់ ដល់ពលរដ្ឋបរទេសដែលរងគ្រោះដោយសារការល្បួងរបស់មេខ្យល់ ឬត្រូវបានជួញដូរឱ្យមកធ្វើសកម្មភាពឆបោកនៅកម្ពុជា និងបានសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាស្ថានទូត ក្នុងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋបរទេសទាំងនោះ ត្រឡប់ទៅប្រទេសកំណើតវិញ។ កម្ពុជាស្វាគមន៍ កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនិងអង្គការអន្តរជាតិជាដៃគូនានា ដើម្បីរួមគ្នាបង្ការកុំឱ្យពលរដ្ឋទូទាំងសកលលោក បន្តធ្លាក់ក្នុងអន្ទាក់ និងឧបាយកលរបស់បណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។
‎
‎ជាការឆ្លើយតប លោក Thomas Andrews គូសបញ្ជាក់ថា លោកបានដឹងច្បាស់ពីការបង្កើត និងភារកិច្ច នៃយន្តការ គ.ប.ឆ.ប. ដែលសបង្ហាញពីសារៈសំខាន់ក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសម្រាប់រាជរដ្ឋាភិបាលកម្ពុជា និងបានលើកឡើងពីចំណាប់អារម្មណ៍ ពាក់ព័ន្ធស្ថានភាព និងលទ្ធផលនៃការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ លោកសង្ឃឹមថា ភាគីទាំងពីរនឹងអាចបន្តពិភាក្សាផ្លាស់ប្តូរយោបល់បន្ថែមទៀតលើបញ្ហានេះ នាពេលខាងមុខ ៕






No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages