www.k-nkcnews.com.kh / ចាង​ ហ្វាង ការផ្សាយ ៖ លោក​ សុខ ប៊ុនសំណាង / ទីស្នាក់ការ កណ្តាល ៖ ផ្ទះ២២៣៤ ផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ភ្នំពេញ / ទំនាក់ទំនង Tele: 010 511 765 ....

Breaking

Thursday, February 19, 2026

បង្ក្រាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online scams) ចំនួន២,៧០៩ទីតាំង ឃាត់ខ្លួនជនបរទេសចំនួន ២១,១០៤នាក់


នៅក្នុងរយៈពេលត្រឹម១៥ថ្ងៃ គិតចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបោសសម្អាតទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online scams) ចំនួន២,៧០៩ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ២១,១០៤នាក់ ក្នុងនោះមានស្ត្រីចំនួន៦,៦៨៣នាក់។ ទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបនោះរួមមាន អគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារ ដែលស្ថិតនៅក្នុងភូមិសាស្ត្រខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់របស់លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប.ឆ.ប.)។


នៅក្នុងរយៈពេល១៥ថ្ងៃនេះដែរ សមត្ថកិច្ចក៏បានបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសចំនួន៤០ករណីផ្សេងទៀត ដោយឃាត់ខ្លួនជនជាតិបរទេសចំនួន២៨៤នាក់ ក្នុងនោះស្ត្រី៣១នាក់ មាន១៣សញ្ជាតិដូចជា វៀតណាម ចិន មីយ៉ានម៉ា កូរ៉េខាងត្បូង ម៉ាឡេស៊ី នេប៉ាល់ បង់ក្លាដេស ឥណ្ឌា ស្រីលង្កា ហ្វីលីពីន ឥណ្ឌូណេស៊ី ប៉ាគីស្ថាន និងសិង្ហបុរី។ ក្នុងចំណោមករណីបង្ក្រាបខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន១១ករណី ដែលមានមេខ្លោងនិងអ្នកពាក់ព័ន្ធផ្ទាល់ជាជនជាតិចិន២២នាក់ សិង្ហបុរី១នាក់ និងខ្មែរ១នាក់ សរុបទាំងអស់២៤នាក់ ដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន។


សូមបញ្ជាក់ថា សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់នាពេលកន្លងមកយ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឫបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គលឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះនឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ។ វិធានការដែលបាននិងកំពុងអនុវត្តទាំងនេះនឹងអាចធ្វើអាចឱ្យកម្ពុជាឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅពេលខាងមុខ។ បើតាមក្រសួងមហាផ្ទៃបានដាក់ឱសានវាទត្រឹមខែមេសាខាងមុខ ក្នុងការបោសសម្អាតឱ្យអស់នូវឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online scams) ពីកម្ពុជា។


សូមជម្រាបថា កន្លងទៅថ្មីៗនេះកម្ពុជាកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានកំណត់អំពីទោសទណ្ឌ និងវិធានការយ៉ាងតឹងរ៉ឹង ដើម្បីបង្ការទប់ស្កាត់រាល់អំពើខុសច្បាប់តាមប្រព័ន្ធបច្ចេកវិទ្យា។ បច្ចុប្បន្នសេចក្តីព្រាងច្បាប់នេះកំពុងស្ថិតក្នុងដំណើរការពិនិត្យរបស់អន្តរក្រសួងមុននឹងឈានដល់ដំណាក់កាលនីតិវិធីជាបន្តបន្ទាប់ រហូតដល់ការអនុម័តជាផ្លូវការ៕

















No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages