www.k-nkcnews.com.kh / ចាង​ ហ្វាង ការផ្សាយ ៖ លោក​ សុខ ប៊ុនសំណាង / ទីស្នាក់ការ កណ្តាល ៖ ផ្ទះ២២៣៤ ផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ភ្នំពេញ / ទំនាក់ទំនង Tele: 010 511 765 ....

Breaking

Monday, July 6, 2026

បង្ក្រាបទីតាំង Online Scam ដ៏ធំនៅខណ្ឌដង្កោ! ឃាត់ខ្លួនជនបរទេស ៨នាក់ ពាក់ព័ន្ធបោកប្រាស់ឆ្លងដែនផ្តោតលើពលរដ្ឋអាមេរិក និងអាមេរិកឡាទីន



(ភ្នំពេញ)៖ កម្លាំងនគរបាលរាជធានីភ្នំពេញ បើកប្រតិបត្តិការបង្ក្រាបទីតាំងប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដ៏ធំមួយនៅខណ្ឌដង្កោ ដោយឃាត់ខ្លួនជនសង្ស័យជាជនបរទេសសរុប ៨នាក់ និងរឹបអូសវត្ថុតាងជាច្រើន ដែលត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពបោកប្រាស់ឆ្លងដែន។

ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង៩:០០នាទីព្រឹក ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរង ទទួលផែនការងារសន្តិសុខ ដោយសហការជាមួយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា និងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ក្រោមការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ទីតាំងដែលត្រូវបានបង្ក្រាប ស្ថិតនៅផ្ទះលេខ C16 ផ្លូវ BL02 បុរីប៊ុនលី ចំការដូង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុប ៨នាក់ ក្នុងនោះមានជនជាតិបង់ក្លាដេស ៧នាក់ និងជនជាតិមីយ៉ាន់ម៉ា ១នាក់ (ស្រី) ព្រមទាំងរឹបអូសកុំព្យូទ័រយួរដៃ ១២គ្រឿង ទូរសព្ទដៃ ១៧គ្រឿង ឧបករណ៍ WiFi និង Modem អង្គចងចាំ USB ព្រមទាំងក្រដាសប្រាក់ដុល្លារក្លែងចម្លងចំនួន ៤៩សន្លឹក ដែលត្រូវបានប្រើជាមធ្យោបាយបោកប្រាស់អ្នកវិនិយោគ។

ការស៊ើបអង្កេតបឋមបង្ហាញថា ក្រុមជនសង្ស័យបានប្រើប្រាស់ប្រទេសកម្ពុជាជាទីតាំងសម្រាប់ប្រតិបត្តិការបោកប្រាស់តាមអនឡាញ ដោយប្រើល្បិច Romance Scam បង្កើតទំនាក់ទំនងស្នេហាក្លែងក្លាយ ដើម្បីទាក់ទាញជនរងគ្រោះ មុននឹងបញ្ចុះបញ្ចូលឱ្យវិនិយោគក្នុងគម្រោងក្លែងក្លាយ (Investment Scam)។

ប្រភពដដែលបញ្ជាក់ថា គោលដៅរបស់បណ្តាញឧក្រិដ្ឋជននេះ គឺផ្តោតលើប្រជាពលរដ្ឋនៅសហរដ្ឋអាមេរិក ប្រេស៊ីល ម៉ិកស៊ិកូ និងកូឡុំប៊ី ដែលបង្ហាញពីលក្ខណៈឆ្លងដែន និងភាពស្មុគស្មាញនៃបទល្មើសបច្ចេកវិទ្យា។

ការបង្ក្រាបនេះ ត្រូវបានចាត់ទុកជាជោគជ័យដ៏សំខាន់មួយរបស់សមត្ថកិច្ចកម្ពុជា ក្នុងការបង្រ្កាបបណ្តាញឆបោកអនឡាញ និងពង្រឹងការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាឆ្លងដែន ស្របពេលអាជ្ញាធរបន្តអំពាវនាវដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រប់ទម្រង់នៃការបោកប្រាស់តាមប្រព័ន្ធអនឡាញ ដើម្បីជៀសវាងការធ្លាក់ខ្លួនជាជនរងគ្រោះ៕







No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages